Thursday, July 16, 2015

សាសា ស្នើឱ្យតុលាការ ផ្តន្ទាទោស សុខ ប៊ុន តាមផ្លូវច្បាប់ ហើយនឹងចេញទៅព្យាបាលត្រចៀក នៅប្រទេសថៃចុងសប្តាហ៍នេះ

(ភ្នំពេញ)៖ នៅក្នុងពេលចូលបំភ្លឺ នៅសាលាដំបូង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥នេះ កញ្ញាសាសា បានស្នើឱ្យ តុលាការ ផ្តន្ទាទោស លោក សុខ ប៊ុន ទៅតាមផ្លូវច្បាប់ ដោយមិនព្រមទទួលយកសំណងអ្វីនោះទេ ។ កញ្ញា បានប្រាប់ភ្នាក់ងារ Fresh News ខណៈដើរចេញពីតុលាការ នៅវេលាម៉ោង១១៖០០ព្រឹកនេះថា រឿងទាមទារសំណង សាសាបានទុកលទ្ធភាព ឱ្យឪពុកកញ្ញា ជាអ្នកទាមទារសំណង ប៉ុន្តែពេលនេះ នឹងកំពុងត្រៀមខ្លួន ទៅព្យាបាលត្រចៀកម្ខាង នៅប្រទេសថៃ ដោយសារតែ មានបញ្ហាមិនអាចស្តាប់ឮបាន។
សូមបញ្ជាក់ថា ក្រុមគ្រួសារលោក សុខ ប៊ុន​ បានថ្លែងប្រាប់អង្គភាព Fresh News កាលពីម្សិលមិញថា លោក សុខ ប៊ុន នឹងវិលត្រឡប់ពីទីក្រុងប៉ារីស ប្រទេសបារាំង មកដល់កម្ពុជាវិញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ខាងមុខនេះ។ ក្រុមគ្រួសាររបស់លោក សុខ ប៊ុន បានថ្លែងបញ្ជាក់ប្រាប់ថា សម្តែងនូវការគោរពដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងគោរពតាមអនុសាសន៍គ្រប់បែបយ៉ាងរបស់សម្តេច ដើម្បីចូលខ្លួនមកដោះស្រាយផ្លូវច្បាប់ជាមួយតុលាការ​ នឹងសូមការអភ័យទោសជាទីបំផុតពី សម្តេចតេជោ ហ៊ុន សែន នូវកំហុសឆ្គងដែលបានប្រើហិង្សាដល់កញ្ញា សាសា ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងជាសាធារណៈ ក្នុងពិធីចែកសញ្ញាបត្រដល់សាមណៈសិស្ស-និស្សិត ដោយព្រមានធ្ងន់ៗឲ្យលោក សុខ ប៊ុន បង្ហាញខ្លួន និងចេញមុខទទួលខុសត្រូវ ចំពោះមុខច្បាប់ជា​ធរមាន លើអំពើហិង្សាដ៏ឃោឃៅចំពោះនាង កាលពីរាត្រីថ្ងៃទី២ ខែកក្កដា កន្លងទៅ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានថ្លែងជាសាធារណៈ ក្នុងពិធីបិទសន្និបាត ផ្សព្វផ្សាយការបោះបង្គោល​ព្រំដែន ក្នុងក្រសួងមហាផ្ទៃ ឲ្យសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ តាមចាប់ខ្លួន លោក សុខ ប៊ុន ដែលបានបង្កហិង្សាដ៏សាហាវលើរូបកញ្ញា សាសា ដើម្បីឲ្យមានវិធានការតាមផ្លូវច្បាប់៕
ប្រភព៖ freshnewsasia.com



រីករាយសណ្តាប់បទចម្រៀងលោកតា សុីន សុីសាមុត ៖ sin sisamuth song karaoke

No comments:

Post a Comment